តើម្ចាស់ប្រាក់ និងម្ចាស់គណនីដែលទទួលបានប្រាក់មានសិទ្ធិនិងកាតព្វកិច្ចយ៉ាងណាខ្លះចំពោះប្រាក់នោះ?
តើម្ចាស់ប្រាក់មានទោសឬទេប្រសិនបើម្ចាស់ប្រាក់ប្តឹងទៅខាងធនាគារដើម្បីបង្កកប្រាក់នោះ?
អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់
ក្នុងករណីដែលវេរប្រាក់ច្រលំគណនី ម្ចាស់ប្រាក់មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រលំ ឱ្យវេរប្រាក់ត្រលប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រលំនោះ មិនសហការ ម្ចាស់ប្រាក់មានសិទ្ធិក្នុងការប្តឹងទៅធនាគារឱ្យ បង្កកចំនួនទឹកប្រាក់ដែលបានវេរច្រលំនោះ។
សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភ័នច្រលំ
យោងតាមក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧
មាត្រា ៧៣៦- ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ
ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។
មាត្រា ៧៣៧- ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត
១- បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថាកិច្ចសន្យានោះពុំមានអានុភាព បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែល មាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។
២- បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះដែរ។
៣- បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។
អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រលប់ទៅវិញនោះ ហើយអាចទាមទារបានបើខ្លួនបានចេញសោហ៊ុយចំណាយនោះ។
សម្រាប់ពេលវេលាវេរប្រាក់ត្រលប់ទៅវិញ បច្ចុប្បន្ននេះដោយសារតែការវេរប្រាក់តាមApp វេរបានលឿនរហ័សភ្លាមៗ ដូច្នេះ ពុំចាំបាច់ដល់២៤ម៉ោង ឬ៤៨ម៉ោងឡើយ។ បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រិតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌។ តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រលប់ទៅវិញបាន ដូចជា ករណីទូរស័ព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។
មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រលប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយនោះ។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុនោះ ពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយ នោះសម្រាប់ម្ចាស់សិទ្ធិ ដែលបានធ្វេសប្រហែសឡើយ ហើយការខាតបង់នោះជាបន្ទុករបស់សាមីខ្លួនម្ចាស់ប្រាក់។
ប្រសិនក្នុងករណីដែលប្រាក់នោះ ត្រូវបានអ្នកទទួលដោយការភ័នច្រលំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រលំនោះសងមកវិញ។ យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភ័នច្រលំ អាចត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង។