យោងតាមមាត្រា ២៨៤,២៨៨,២៨៩,២៩០ នៃក្រមព្រហ្មទណ្ឌ ២០០៩ បានបញ្ញតិ្តថា៖ អំពើសញ្ចារកម្ម គឺជាអំពើ៖ ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គល ណាមួយដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២(ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤,០០០,០០០ (បួនលាន) រៀល ទៅ១០,០០០,០០០ (ដប់លាន) រៀល។
ស្ថានទម្ងន់ទោសទាក់ទងនឹងចារី៖ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០(ដប់) ឆ្នាំ ក្នុងករណីដូចខាងក្រោម៖
១៖ កាលបើសញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យាជាបុព្វញាតិ ឬបច្ឆាញាតិ របស់បុគ្គលដែលធ្វើពេស្យាចារ។
២៖ កាលបើសញ្ចារិក សញ្ចារិកា ឬជាជនមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្តល់ទៅលើបុគ្គលដែលធ្វើពេស្យាចារ។
៣៖ កាលបើសញ្ចារិក សញ្ចារិកា ឬជាជនមេពេស្យា ប្រើហិង្សា ឬបង្ខិតបង្ខំចំពោះបុគ្គលដែលធ្វើពេស្យាចារ។
៤៖ កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។
៥៖ កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ។
ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ៖ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន ។ លើសពីនេះទៀត សញ្ចារកម្មត្រូវផ្តន្ទាទោសពី ១០(ដប់) ឆ្នាំ ដល់ ២០(ម្ភៃ) ឆ្នាំ កាលបើ សញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យា បានប្រើទារុណ កម្ម ឬអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ ។
សរុបមក សញ្ចារកម្មជាអំពើមួយដែលបានជំរុញ និងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ ជាពិសេសអំពើនេះបានធ្វើ ឱ្យជនរងគ្រោះទទួលរងនូវការឈឺចាប់ លើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សេដ្ឋកិច្ច និងកិតិ្តយសគ្រួសារ ដោយសារការកេងយកផលប្រយោជន៍ពីជនល្មើស។ សញ្ចារកម្មត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិថា ជាអំពើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើនេះបានបង្កនូវព្យសនកម្មធំធេងដល់សង្គមជាតិ និងជនរងគ្រោះ។
រៀបរៀងដោយ ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office